download
Source: Google Photos

យោងតាមអ្នកជំនាញរបស់គេហទំព័រដ៏ល្បីល្បាញលើពិភពលោកដែលមានឈ្មោះថា  Law of Attraction អ្នកស្រាវជ្រាវមួយចំនួនបានរកឃើញហេតុផលធំៗ៧ដែលធ្វើឲ្យមនុស្សភាគច្រើនតែងតែមិនសប្បាយចិត្តឬគ្មានសេចក្តីស្ងប់ក្នុងចិត្ត។ មូលហេតុទាំងនោះគឺទាក់ទងជាមួយនឹង ការរំពឹងទុករបស់មនុស្ស។ តើការរំពឹងទុកបែបណាខ្លះដែលធ្វើបង្កឲ្យមនុស្សកើតមានភាពមិនរីករាយ?

១ ការរំពឹងទុកថា ឳកាសនឹងកើតឡើងដោយឯងៗ

បើយើងនិយាយឲ្យសាមញ្ញ គឺដេករងចាំសំណាងឬឳកាស។ ការគិតបែបនេះនឹងធ្វើបុគ្គលនោះគ្មានគោលដៅជីវិតច្បាស់លាស់ ហើយពឹងផ្អែកតែលើអ្នកដទៃដើម្បីកសាងភាពជោគជ័យរបស់ខ្លួន។​ដូចនេះ ពួកគេនឹងទទួលបានឳកាសជោគជ័យតិចជាងអ្នកដទៃ ដែលជាហេតុធ្វើឲ្យពួកគេមានអារម្មណ៍តូចចិត្ត នៅពេលឃើញអ្នកនៅជុំវិញខ្លួនជោគជ័យច្រើនជាងខ្លួន។

ផ្ទុយទៅវិញ ពួកគេត្រូវទទួលស្គាល់ថា គ្មានភាពជោគជ័យណាកើតឡើងដោយគ្មានភាពប្រឹងប្រែងឡើយ។ ដូច្នេះ ប្រសិនបើពួកគេចង់សម្រេចបានអ្វីមួយ ពួកគេត្រូវត្រិះរិះរកវិធីនិងខិតខំប្រឺងប្រែងដើម្បីទទួលបានអ្វីមួយនោះ។

ផងដែរប្រសិនបើឳកាសមិនរត់រកយើង យើងត្រូវរៀនបង្កើតឳកាសដោយខ្លួនឯង តាមរយៈការសិក្សាស្វែងយល់ឲ្យបានច្រើនអំពីសង្គម ព្យាយាមធ្វើអ្វីថ្មីៗ និងបង្កើតទំនាក់ទំនងដោយការជួបមនុស្សថ្មីៗតាមរយៈការចូលរួមក្នុងកម្មវិធីនៅក្នុងសង្គមជាដើម។

២ ចង់ឲ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នកឬអ្វីដែលអ្នកធ្វើ

ប្រសិនបើអ្នករំពឹងទុកថា មនុស្សគ្រប់គ្នាសុទ្ធតែស្រឡាញ់ចូលចិត្តអ្នក គំនិតរបស់អ្នក ឬអ្វីដែលអ្នកធ្វើ អ្នកអាចនឹងប្រឈមមុខនឹងការខកចិត្ត នៅពេលដែលវាផ្ទុយពីអ្វីដែលអ្នកគិត។ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានមនុស្សមួយចំនួនស្រឡាញ់និងគាំទ្រអ្នក ហើយក៏មានមនុស្សខ្លះមិនពេញចិត្តអ្នកដែរ។

ដូច្នេះ នៅពេលដែលអ្នកឈប់ខ្វាយខ្វល់ពីការគិតរបស់អ្នកដទៃ អ្នកនឹងមានភាពជឿជាក់លើខ្លួនឯង ផ្តោតតែលើគោលដៅរបស់អ្នក​ និងខិតខំប្រឹងប្រែងដើម្បីសម្រេចវា។ ជាពិសេសអ្នកមិនចាំបាច់ត្រូវពិបាកចិត្ត ខ្វល់ខ្វាយច្រើនក្នុងការតាមផ្គាប់ចិត្តមនុស្សគ្រប់គ្នាផងដែរ។ នៅពេលអ្នកទទួលបានជោគជ័យ មនុស្សនឹងចាប់ផ្តើមគោរព និងចូលចិត្តអ្នកដោយខ្លួនឯង។ 

៣ ការរំពឹងថា ជីវិតតែងតែយុត្តិធ័ម៌

យើងទាំងអស់គ្នាដឹងហើយថា ជីវិតមិនអាចយុត្តិធ័ម៌រហូតនោះទេ។ ទោះបីវាជាការពិត ប៉ុន្តែមនុស្សនៅតែពិបាកទទួលយកការពិតនេះ។ ដូច្នេះ មនុស្សជាច្រើនរំពឹងថា អ្វីទាំងអស់ក្នុងជីវិតអាចធ្វើឲ្យស្មើភាពបាន។ ហើយពួកគេដេករងចាំថាវានឹងកើតឡើង។ ​ 

ប្រសិនបើអ្នកតូចចិត្តដោយសារអ្នកជួបរឿងអយុត្តិធ័ម៌ណាមួយ អ្នកគួរស្វែងរកវិធីដើម្បីដោះខ្លួនចេញពីអារម្មណ៍នោះ និងមិនត្រូវបណ្តែតបណ្តោយខ្លួនឲ្យស្ថិតក្នុងស្ថានភាពពិបាកចិត្តយូរនោះទេ ដោយផ្លាស់ប្តូរឥរិយាបថរបស់អ្នក ឬរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនៅពេលជួបបញ្ហាបែបនេះជាដើម។

៤ ការរំពឹងថា​ អ្នកដទៃអាចយល់ចិត្តរបស់អ្នកបានដោយអ្នកមិនចាំបាច់និយាយ

ការគិតបែបនេះ ជាពិសេសកើតឡើងនៅក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែវាក៏បង្កបញ្ហានៅក្នុងរឿងផ្សេងទៀតនៅក្នុងជីវិតរស់នៅរបស់មនុស្សផងដែរ។ ប្រសិនបើអ្នករំពឹងថាអ្នកដទៃតែងតែយល់ចិត្តអ្នករហូតនោះ ដឹងថាអ្នកចង់បានអ្វី ត្រូវការអ្វីនោះ វានឹងធ្វើឲ្យអ្នកដទៃមានការភាន់ច្រឡំឬការយល់ខុសកាន់តែខ្លាំងចំពោះអ្នកទៅវិញ ឬបញ្ហាកាន់តែរីកធំ។

ដូច្នេះ អ្នកត្រូវតែរៀននិយាយ ឬបង្ហាញអំពីអារម្មណ៏ ឬបញ្ហារបស់អ្នក ដើម្បីឲ្យអ្នកដទៃយល់ច្បាស់អំពីតម្រូវការ ឬបញ្ហារបស់អ្នក៕ ទន្ទឹមនឹងនេះ អ្នកត្រូវជៀសវាងការប៉ះពាល់អារម្មណ៍របស់មនុស្សដែលអ្នកកំពុងនិយាយទៅកាន់ផងដែរ។ មុននឹងនិយាយ អ្នកត្រូវគិតគូរឲ្យបានល្អិតល្អន់ ប្រើពាក្យដែលសមរម្យ ជាពិសេសរៀនដាក់អារម្មណ៍របស់អ្នកដទៃនៅក្នុងខ្លួនអ្នក ហើយសួរខ្លួនឯងថា អ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេច ប្រសិនបើអ្នកត្រូវបានគេនិយាយដាក់បែបនេះ ហើយនិងអ្នកអាចយល់ច្បាស់បានដែរឬទេ។

៥ ការរំពឹងទុកថា អ្នកដទៃតែងតែយល់ស្របជាមួយអ្នក

យើងតែងតែសប្បាយចិត្ត នៅពេលអ្នកដទៃគិតដូចយើង ឬគាំទ្រគំនិតរបស់យើង។ ផ្ទុយទៅវិញ យើងនឹងមិនសប្បាយចិត្ត ប្រសិនបើគំនិតរបស់យើងមិនត្រូវបានយល់ស្រប ឬច្រានចោល។ អ្នកត្រូវចាំថា គំនិតរបស់អ្នកអាចល្អសម្រាប់អ្នក ប៉ុន្តែអ្នកដទៃគេអាចយល់ឃើញផ្សេងពីអ្នក យោងទៅតាមទស្សនៈ បទពិសោធន៍ ស្ថានភាព និងគុណតម្លៃរបស់ពួកគេ។

ដូច្នេះ អ្នកគួររៀនស្តាប់និងទទួលយកមតិឬគំនិតរបស់អ្នកដទៃមកត្រិះរិះពិចារណា។ ជាពិសេសនៅពេលបញ្ចេញមតិយោបល់អំពីបញ្ហាអ្វីមួយ អ្នកចូលរួមទាំងអស់គួរតែប្រកាន់ភ្ជាប់គោលការណ៍ថា បញ្ហាមួយអាចមានដំណោះស្រាយច្រើនប្រភេទ ហើយអ្វីដែលសំខាន់ពួកគេត្រូវជួុយគិតរកដំណោះស្រាយណាដែលល្អបំផុត មិនមែនប្រកួតប្រជែងគំនិតដើម្បីឈ្នះចាញ់នោះទេ។

៦ ការរំពឹងទុកថា ទាល់តែមានសម្ភារៈ ទើបអ្នកមានសុភមង្គល

ទោះបី វាជាការពិតដែលការមានវត្ថុមួយចំនួនធ្វើឲ្យយើងសប្បាយចិត្តក៏ពិតមែន ប៉ុន្តែសុភមង្គលនោះមិនស្ថិតស្ថេរនោះទេ ពីព្រោះវាមិនមែនជាសុភមង្គលពិត ហើយវានឹងបាត់ក្នុងរយៈពេលណាមួយ។ ឧទាហរណ៍ មនុស្សមួយចំនួននិយាយថា ពួកគេនឹងរីករាយ នៅពេលពួកគេមានផ្ទះធំ ឡាន និងលុយច្រើន៕ ពួកគេសប្បាយបានមួយរយៈពេល ប៉ុន្តែក្រោយមក ពួកគេក្លាយជាមិនសប្បាយចិត្តម្តងទៀត។ សម្ភារៈមិនអាចធានាសុភមង្្គលពិតនិងយូរអង្វែងសម្រាប់មនុស្សឡើយ។ វាអាស្រ័យលើការគិត ឥរិយាបថរបស់អ្នកចំពោះជីវិត និងការរៀនពេញចិត្តនូវអ្វីដែលខ្លួនមាន។ ដូច្នេះ ចូរអ្នកកុំពឹងផ្អែកសេចក្តីសុខរបស់អ្នកលើសម្ភារឲ្យសោះ។ 

៧ ការភ័យខ្លាចបរាជ័យ

ចំណុចចុងក្រោយគឺនិយាយអំពីភាពបរាជ័យ។ គ្មាននរណាម្នាក់ចង់បរាជ័យនោះទេ ដោយសារពួកគេគិតថា ពួកគេនឹងខ្មាស់គេ​ អន់ ប្រសិនបើខ្លួនបរាជ័យលើអ្វីដែលខ្លួនបានធ្វើ។ អាស្រ័យហេតុនេះ មនុស្សម្នាក់ៗតែងមានអារម្មណ៍មិនសប្បាយចិត្ត បាក់ទឹកចិត្ត នៅពេលខ្លួនជួបប្រទះបរាជ័យ។

យ៉ាងណាមិញ នេះជាការយល់ខុសមួយ។ មនុស្សគ្រប់គ្នាគួរតែទទួលស្គាល់ថា វាជារឿងធម្មតាសម្រាប់មនុស្សដែលពេលខ្លះអ្វីដែលយើងធ្វើអាចទៅយ៉ាងរលូនដូចអ្វីដែលយើងបានគ្រងទុក ប៉ុន្តែពេលខ្លះវាក៏អាចមិនរលូនដែរ។

នៅពេលយើងធ្វើកិច្ចការអ្វីមួយ យើងមិនគួរផ្តោតទៅលើការភ័យខ្លាចថាយើងនឹងបរាជ័យនោះទេ។ ផ្ទុយទៅវិញ យើងគួរផ្តោតអារម្មណ៍របស់យើងលើការរិះរកវិធីសាស្រ្តដើម្បីធ្វើវាឲ្យបានល្អ ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ការគិតបែបនេះនឹងធ្វើឲ្យយើងមានទស្សនៈវិជ្ជមានចំពោះខ្លួនឯង និងបរិស្ថានជុំវិញ ដែលអាចឈានទៅរកភាពជោគជ័យច្រើនជាងការបរាជ័យ។

ហើយប្រសិនបើភាពបរាជ័យនៅតែកើតមានឡើង ទោះបីយើងខំប្រឹងអស់ពីសមត្ថភាពរួចក៏ដោយ យើងក៏នឹងមិនស្តាយក្រោយនោះដែរ។យើងគួរទាញយកផលប្រយោជន៍ពីភាពបរាជ័យនោះ​ ដោយចាត់ទុកថាវាជាឳកាសសម្រាប់យើងដើម្បីសិក្សាចំណេះដឹងថ្មី ដោយការសិក្សាទៅលើចំណុចខ្វះខាតរបស់យើងដើម្បីកែលម្អសម្រាប់ទទួលបានភាពជោគជ័យនៅពេលខាងមុខ។

បកប្រែនិងកែសម្រួលដោយ៖ Free Education for Everyone

ប្រភព៖ Law of Attraction(http://www.thelawofattraction.com/almost-everyone-unhappy-life-unhappy-reasons/)