00f5bc5df2a2586ca54882f6a9a03538

ប៉ារបស់ខ្ញុំជាបុរសអស្ចារ្យសម្រាប់ខ្ញុំ មិនមែនដោយសារគាត់ជាអ្នកមាន ជាបុគ្គលល្បីល្បាញ ជាបុគ្គលដែលរៀនបានខ្ពង់ខ្ពស់ឬជាបុរសសង្ហាជាងគេនោះទេ។ គាត់អស្ចារ្យដោយសារក្តីស្រឡាញ់ដ៏ធំធេងរបស់គាត់ដែលមានចំពោះខ្ញុំ។ គាត់ផ្តល់ក្តីស្រឡាញ់មួយដែលខ្ញុំគិតថា​ គ្មានអ្នកណាអាចផ្តល់ឲ្យខ្ញុំដូចគាត់បាន សូម្បីតែខ្លួនខ្ញុំផ្ទាល់។

ការស្រឡាញ់របស់គាត់ស្តែងចេញអំពីសកម្មភាពរបស់គាត់ ទោះគាត់មិនដែលនិយាយថា គាត់ស្រឡាញ់ខ្ញុំខ្លាំងក៏ដោយ។ គាត់ល្អចំពោះខ្ញុំខ្លាំងរហូតដល់ពេលខ្ហះខ្ញុំតូចចិត្តនឹងខ្លួនឯងដែលធ្វើមិនបានដូចគាត់ចំពោះគាត់វិញ។

មិនថាលោកប៉ាធ្វើការហត់យ៉ាងណា លោកប៉ាតែងតែគិតនិងបារម្ភដល់កូនជានិច្ច ហើយគិតជាងខ្លួនគាត់ហត់ទៅទៀត។

ពេលប៉ាឃើញរបស់ល្អ អ្នកដែលប៉ានឹកឃើញមុនគេគឺកូន៕​ ប្រសិនបើគាត់មិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញភ្លាម គាត់នឹងសន្សំដើម្បីទិញឲ្យបាន។ គាត់នៅតែធ្វើបែបនេះ ទោះបីកូនមានប្រាក់ខែក៏ដោយ។ គាត់ក៏ត្រូវទុកលុយសម្រាប់ទិញថ្នាំសម្រាប់ពិសារដែរ តែគាត់ស្រឡាញ់កូន ហើយមិនគិតពីតម្រូវការខ្លួនឯងជាធំ។

ប៉ាតែងទិញចំណីផ្ញើរកូន ពេលគាត់ប្រទះឃើញគេលក់របស់ដែលកូនចូលចិត្ត។ នៅផ្ទះប៉ាចូលចិត្តធ្វើម្ហូបដែលកូនចូលចិត្តញ។

ពេលកូនក្អក ឬឈឺក្បាលបន្តិចបន្តួច គាត់យកថ្នាំឲ្យញ៉ាំភ្លាម។ ពេលគាត់ឈឺ គាត់មិនឲ្យកូនដឹងទេ ពីព្រោះគាត់មិនចង់ឲ្យកូនពិបាកចិត្ត។ គាត់សុខចិត្តទៅទិញថ្នាំខ្លួនឯង។

នៅមានអ្វីជាច្រើនយ៉ាងទៀតដែលប៉ាបានធ្វើដើម្បីកូន ដែលកូនមិនអាចរៀបរាប់អស់។

ហេតុអ្វីក្តីស្រឡាញ់បែបនេះសំខាន់និងមានតម្លៃខ្លាំងចំពោះយើង? មិនមានមនុស្សច្រើនទេនៅលើលោកនេះដែលអាចនឹងទទួលបានក្តីស្រឡាញ់និងយកចិត្តទុកដាក់ពីមនុស្សនៅជុំវិញខ្លួន។ ខ្ញុំអាចនិយាយបានថា ក្តីស្រឡាញ់ដែលបរិសុទ្ធ និងឥតលក្ខខណ្ឌគឺកម្រ។ លុយកាក់ មាសប្រាក់ ទ្រព្យសម្បត្តិ សុទ្ធតែអាចរកបាន។ ប៉ុន្តែក្តីស្រឡាញ់វិញមិនអាចជួល ឬទិញបានទេ ដោយសារតែវាកើតចេញពីទឹកចិត្តពិតៗរបស់មនុស្ស។ មានមនុស្សប៉ុន្មាននាក់ដែលគិតពិយើងជាងខ្លួនគាត់?

ក្តីស្រឡាញ់គឺជាកម្លាំងចិត្តនិងក្តីសង្ឃឹមដែលធ្វើឲ្យមនុស្សយើងខិតខំតស៊ូ ជាពិសេសនៅពេលជួបបញ្ហានៅក្នុងជីវិត។ ប៉ុន្តែបើជីវិតខ្វះក្តីស្រឡាញ់វិញ ទោះបីជាទ្រព្យសម្បត្តិមហាសាលយ៉ាងណា ក៏មនុស្សនៅតែមិនសប្បាយចិត្ត ហើយបាក់ទឹកចិត្តផងដែរ។

ដូច្នេះ យើងទាំងអស់ត្រូវស្រឡាញ់ ថែរក្សា និងដឹងគុណចំពោះម៉ាក់ប៉ា និងអ្នកទាំងឡាយដែលស្រឡាញ់យើង។ ការតបស្នងសងគុណចំពោះលោកប៉ាអ្នកម៉ាក់ មិនសំដៅលើមាសប្រាក់ យសសក្តិនោះឡើយ។ គាត់គ្រាន់តែចង់ឃើញកូនរបស់គាត់ក្លាយជាមនុស្សល្អ មានអនាគតល្អ និងចេះស្រឡាញ់ថែរក្សាខ្លួន​ឯងបានល្លដូចដែលគាត់ស្រឡាញ់យើង។

អត្ថបទដោយ៖ Free Education for Everyone

English version, click here

A Fan’s True story based article