19642530_1828539600494853_7146492063366524288_n

មិនថាក្នុងទំនាក់ទំនងស្នេហារវាងគូសង្សាឬស្វាមីភរិយា ការអន់ចិត្តចំពោះគ្នា ឬប្រកែកគ្នា រមែងនឹងកើតមានឡើង ពីព្រោះពេលស្រឡាញ់គ្នាកាន់តែយូរ យើងនឹងអាចឃើញនូវចំណុចខ្វះខាតរបស់ដៃគូយើង ដែលជាហេតុធ្វើឲ្យយើងពេលខ្លះមានការមិនពេញចិត្ត។ សូម្បីតែម៉ាក់ប៉ាបង្កើតរបស់យើងដែលស្រឡាញ់យើងខ្លាំងក៏ធ្លាប់ខឹងឬអន់ចិត្តនឹងយើងដែរ នៅពេលយើងធ្វើខុសឬអ្វីដែលគាត់មិនពេញចិត្តដែរ។ ចុះទម្រាំគូស្នេហ៍វិញដែលមនុស្សទាំងពីរមិនមែនជាសាច់ឈាមបង្កើតនោះ? ប៉ុន្តែចុងក្រោយ ដោយក្តីស្រឡាញ់របស់គាត់ធំជាងការខឹង ទើបគាត់មិនដែលបោះបង់យើង។ហេតុដូចនេះហើយ ទើបគាត់អាចរក្សាគ្រួសារបានយូរអង្វែង។

គូស្នេហ៍មួយចំនួនក៏ធ្លាប់ខឹងគ្នាយូរហើយមិននិយាយរកគ្នាច្រើនថ្ងៃក៏មាន ប៉ុន្តែអ្នកខ្លះវិញក៏ឆាប់ត្រូវគ្នាវិញដែរ។​ វាអាចបណ្តាលមកពីកត្តាច្រើនយ៉ាង។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាមូលហេតុ៤យ៉ាងដែលជារឿយៗបង្ករឲ្យដែគូទាំងពីរមានការអាក់អន់ស្រពន់ចិត្តជាមួយគ្នាទៅវិញទៅមក។

ការយល់ដឹងអំពីបញ្ហាអាចជួយឲ្យយើងពន្យល់ដល់ដៃគូរបស់យើងបានច្បាស់ដើម្បីជៀសវាងការយល់ច្រឡំរវាងគ្នា ស្គាល់ចំណុចខ្សោយនៃទំនាក់ទំនងរបស់យើងដើម្បីកែលម្អ និងអាចរកដំណោះស្រាយបានឆាប់រហ័សដើម្បីត្រឡប់មកសភាពដើមវិញ។

មូលហេតុទី១៖ ចំណាយពេលវេលាមិនបានគ្រប់គ្រាន់សម្រាប់គ្នា

ជាការពិត យើងមិនអាចចំណាយពេលវេលា24/7ជាមួយគ្នារហូតទេដោយសារតែយើងត្រូវបំពេញការងារឬសិក្សាផងដែរ។ ប៉ុន្តែទោះបីជាយើងរវល់យ៉ាងណាក៏ដោយ យើងគួរតែមានពេលវេលាសម្រាប់នៅក្បែរគ្នាខ្លះទើបល្អ ឧទាហរណ៍ ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាក្រោយពេលចេញពីធ្វើការ ទៅមើលកុនឬទៅកន្លែងកំសាន្តណាមួយជាមួយគ្នានៅថ្ងៃចុងសប្តាហ៍ជាដើម។ ការចំណាយពេលវេលាជាមួយគ្នាគឺសំខាន់សម្រាប់ចំណងស្នេហារឹងមាំពីព្រោះអ្នកបានបង្កើតអនុស្សាវរីយ៍ បង្កើនភាពស្និទ្ធស្នាលនិងបង្កើតភាពសប្បាយរីករាយជាមួយគ្នាទៅវិញទៅមក។

ម៉្យាងទៀត ការបង្ហាញដល់ដៃគូរបស់យើងថា យើងតែងតែចង់ចំណាយពេលវេលាជាមួយគាត់ដោយការខិតខំឆ្លៀតពេលពីភាពរវល់របស់យើង ក៏ជួយឲ្យដៃគូយើងសប្យាយចិត្តដែរទោះមិនបាននៅក្បែរគ្នាពេលខ្លះក៏ដោយ ពីព្រោះការធ្វើបែបនេះគឺធ្វើឲ្យគាត់មានអារម្មណ៍ថាយើងយកចិត្តទុកដាក់ជាមួយគាត់និងបង្ហាញថាគាត់មានសារៈសំខាន់ចំពោះយើង ពីព្រោះនេះជាតម្រូវការដ៏ចម្បងដែលដៃគូរបស់យើងចង់បានពីយើង។

ដូច្នេះ ចូរយើងចំណាយពេលនិងបង្កើតអនុស្សាវរីយ៍ជាមួយមនុស្សដែលយើងស្រឡាញ់ឲ្យច្រើនតាមតែអាចធ្វើបាន ពីព្រោះយើងមិនដឹងថានឹងមានអ្វីនឹងកើតឡើងនៅថ្ងៃស្អែកនោះឡើយ។ ពួកគាត់គឺជាមនុស្សសំខាន់សម្រាប់ជីវិតដ៏ស្រស់បំព្រងរបស់យើង។

មូលហេតុទី២៖ ការមិនផ្តល់អាទិភាពដល់ទំនាក់ទំនងស្នេហារបស់អ្នក

ដើម្បីរក្សាចំណងស្នេហារបស់អ្នកឲ្យបានយូរអង្វែងដល់ចាស់កោងខ្នង អ្នកគប្បីទុកទំនាក់ទំនងស្នេហារបស់អ្នកជាអាទិភាព។ នេះមានន័យថា មុននឹងអ្នកសម្រេចចិត្តធ្វើអ្វីមួយអ្នកត្រូវគិតថាតើវាអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នកទេ? ឧទាហរណ៍ មិត្តភក្តិរបស់អ្នកតែងតែបបួលអ្នកទៅដើរលេងនៅថ្ងៃចុងសប្តាហ៍ ប៉ុន្តែនេះជាពេលវេលាតែមួយគត់ដែលអ្នកអាចចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់ពីព្រោះអ្នករវល់ធ្វើការពីច័ន្ទដល់សុក្រ។ ដូច្នេះ អ្នកគួរយល់ព្រមខ្លះ និងបដិសេធខ្លះ ដោយអ្នកត្រូវគិតពីមនុស្សដែលអ្នកស្រឡាញ់ជាធំ ពីព្រោះគាត់ត្រូវការអ្នក។ ប៉ុន្តែនេះក៏មិនមានន័យថា យើងត្រូវផ្តាច់ខ្លួនពីមិត្តភក្តិដែរ គឺយើងគ្រាន់តែត្រូវចេះលៃលកពេលវេលានិងបែងចែកអ្វីដែលសំខាន់សម្រាប់យើង។ ហើយមិត្តភក្តិរបស់អ្នកអាចនឹងធ្វើដូចគ្នាដែរនៅពេលគាត់មានមនុស្សដែលគាត់ស្រឡាញ់។ ដូចនេះ ប្រសិនបើអ្នកផ្តល់អាទិភាពលើអ្នកដទៃឬអ្វីផ្សេងច្រើនជាងមនុស្សដែលអ្នកស្រឡាញ់ អ្នកនឹងអាចមានវិប្បដិសារីនៅថ្ងៃខាងមុខ ជាពិសេស នៅពេលដែលអ្នកទាំងនោះមិនបានលះបង់អ្វីដូចដែលអ្នកដែលបានធ្វើចំពោះពួកគេ។

ដូច្នេះ ប្រសិនបើអាច អ្នកគួរចាត់ទុកមនុស្សជាទីស្រឡាញ់និងគ្រួសារជាជម្រើសទីមួយ និងអ្វីផ្សេងៗទៀតដូចជា ការងារ មិត្តភក្តិ ការកំសាន្ត​ ជាជម្រើសបន្ទាប់។

មូលហេតុទី៣៖ ការប្រកែកយកឈ្នះគ្នាពេលមានជម្លោះ

ពេលមានទំនាស់ ឬការបញ្ចេញមតិពីចំណុចខ្វះខាតរបស់ដៃគូ ដៃគូមួយចំនួនតែងតែប្រកែកយកឈ្នះរៀងៗខ្លួន។ ហើយពេលដែលមិននិយាយរកគ្នា ដៃគូម្ខាងៗតែងរងចាំដៃគូម្ខាងទៀតមកនិយាយរកមុនពីព្រោះពួកគេប្រកាន់ខ្ជាប់គំនិត ” ខ្លួនមិនគួរនិយាយរកមុនដោយសារខ្លួនមិនបានធ្វើខុស ឬបើនិយាយរកមុន ខ្លាចខ្លួនឯងចាញ់ដៃគូម្ខាងទៀត ឬខាងប្រុសគួរតែនិយាយរកខាងស្រីមុនជានិច្ច”។ ការគិតបែបនេះ​មិនត្រឹមត្រូវទេ ពីព្រោះយើងទាំងពីរមិនមែនជាដៃគូប្រកួតប្រជែងគ្នាឡើយ។ អ្នកណានិយាយរកអ្នកណាមុនក៏គ្មានអន់ឬបាត់បង់តម្លៃអ្វីដែរ។ សំខាន់និយាយរកគ្នាវិញដោយសារអ្នកទាំងពីរស្រឡាញ់គ្នា។

អ្វីដែលអ្នកគួរធ្វើគឺនៅពេលមានបញ្ហាបែបនេះ អ្នកគួរបកស្រាយដោយមិនឆេវឆាវ និងមិនត្រូវទម្លាក់កំហុសដល់ដៃគូម្ខាងទៀតនោះឡើយ។ ហើយដៃគូម្ខាងទៀតគួរស្តាប់ដៃគូយើងពន្យល់ឬនិយាយបកស្រាយដោយយកចិត្តទុកដាក់ ហើយពិចារណានូវដែលគាត់បាននិយាយ។ កុំស្តាប់ដើម្បីវាយបក ប៉ុន្តែស្តាប់ដើម្បីយល់និងដោះស្រាយ។ ប្រសិនបើយើងខុស យើងត្រូវចេះទទួលកំហុសនិងសូមទោស ហើយនិងព្យាយាមកែលម្អ។ ហើយម្ខាងទៀតត្រូវចេះអត់ឪន និងកុំគុំគួន។ ប្រសិនបើជាការយល់ច្រឡំ យើងត្រូវពន្យល់ទៅវិញ ប៉ុន្តែជៀសវាងការពន្យល់បែបការពារខ្លួនឯងឲ្យសោះ។

សរុបមក ដៃគូទាំងពីរមិនគួរព្យាយាមជជែកយកឈ្នះយកចាញ់គ្នាឡើយពីព្រោះវាគ្មានឈ្នះវិញទេ ប៉ុន្តែមានការចាញ់ទាំងសងខាង។  អ្នកគួរតែព្យាយាមជជែកដើម្បីដោះស្រាយបញ្ហាវិញដើម្បីទាំងសងខាងវិញទើបជាការល្អ។

មូលហេតុទី៤៖ បញ្ហាផ្សេងៗ

ពេលខ្លះដៃគូមួយចំនួនក៏មានអាក់អន់ចិត្តនឹងគ្នាដោយសារការខ្វះការយកចិត្តទុកដាក់ជាមួយគ្នានៅពេលនៅក្បែរគ្នាផងដែរ ឧទាហរណ៍ ដៃគូរបស់ខ្លួនចុចតែទូរស័ព្ទ ហើយមិនអើពើនឹងគ្នាពេលនៅជិតគ្នាជាដើម។ ការធ្វើបែបនេះ​វាធ្វើឲ្យដៃគូយើងមានអារម្មណ៍មិនសប្យាយចិត្តដោយសារតែខ្លួនត្រូវបានព្រងើយកន្តើយនិងមិនមានការយកចិត្តទុកដាក់ពីដៃគូរបស់ខ្លួន។ ប្រសិនបើការចុចទូរស័ព្ទសម្រាប់ការងារចាំបាច់ក្នុងរយៈពេលខ្លី វាមិនជាបញ្ហានោះទេ ប៉ុន្តែប្រសិនបើអ្នកតែងតែធ្វើបែបនេះរាល់តែដង វានឹងក្លាយទៅជាទម្លាប់អាក្រក់ និងកើតទៅជាបញ្ហា។

ដូច្នេះ ប្រសិនបើមិនចាំបាច់ អ្នកគួរតែទុករបស់របរទាំងនោះនៅដោយឡែក និងគួរបែកចែកពេលណាសម្រាប់កំសាន្ត ពេលណាឆ្លើយអ៊ីមែល ឬបង្ហើយការងារ ដើម្បីកុំឲ្យរំខានដល់ពេលវេលារបស់អ្នកជាមួយមនុស្សដែលខ្លួនស្រឡាញ់ និងប៉ះពាល់ទំនាក់ទំនងរបស់អ្នក។ អ្នកបានចំនាយពេលវេលាយ៉ាងតិច៨ម៉ោងនៅកន្លែងធ្វើការរាល់ថ្ងៃហើយ ដូច្នេះពេលដែលនៅជាមួយគ្រួសារនិងមនុស្សជាទីស្រឡាញ់ អ្នកគួរតែផ្តោតអារម្មណ៍និងយកចិត្តទុកដាក់ទៅលើពួកគាត់នោះទើបជាការល្អ។

សរុបសេចក្តី ទំនាក់ទំនងស្នេហាអាចស្រស់បំព្រងទៅបាន ដរាបណាដៃគូទាំងពីរចេះគោរព យោគយល់អធ្យាស្រ័យ និងយល់ពីតម្រូវការនិងអារម្មណ៍របស់គ្នាទៅវិញទៅមក។ ពេលមានបញ្ហា អ្នកទាំងពីរគប្បីព្យាយាមដោះស្រាយជាមួយគ្នា ហើយត្រូវចាំថា ត្រូវធ្វើអ្វីក៏ដោយគឺដើម្បីប្រយោជន៍រូមជានិច្ច។ ហើយជាពិសេស ខិតខំសម្រាប់គ្នាទៅវិញទៅមកឲ្យដូចពេលចាប់ផ្តើមពេលដំបូង។ ជាចុងក្រោយ សូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុភមង្គលក្នុងគ្រួសារនិងជាមួយមនុស្សជាទីស្រឡាញ់ជានិរន្តរ៍<3។

សរសេរដោយ៖ Free Education for Everyone