gradeA

ជាការពិត សិស្សានុសិស្សនិងនិស្សិតតែងចង់បានពិន្ទុខ្ពស់ឬនិទ្ទេសល្អដូចជា និទ្ទេសA ឬB ជាដើម។ ដូច្នេះហើយ ពួកគេបានខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់ថ្ងៃ រហូតដល់ភ្លេចគិតពីសុខភាពរបស់ខ្លួនឬដំណើរកំសាន្តជាមួយក្រុមគ្រួសារ ឬពេលវេលាសម្រាប់កម្សាន្តផ្ទាល់ខ្លួនក៏មាន។

ជាលទ្ធផល សិស្សានុសិស្ស និងនិស្សិតមួយចំនួនក៏ទទួលបានលទ្ធផលដូចដែលខ្លួនរំពឹងទុក។ ដូច្នេះ ពួកគេមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដោយសារអ្វីដែលគេប្រាថ្នាចង់បានបានក្លាយជាការពិត ហើយពួកគេក៏មានកំលាំងចិត្តនៅក្នុងការប្រឹងប្រែងបន្ត និងមានគំនិតវិជ្ជមានអំពីភាពជោគជ័យក្នុងពេលអនាគតរបស់ពួកគេ។

យ៉ាងណាមិញ ក៏មានសិស្សានុសិស្សនិងនិស្សិតមួយចំនួនមិនបានទទួលនូវលទ្ធផលដែលគេចង់បានឬរំពឹងទុក ទោះបីជាពួកគេខិតខំប្រឹងប្រែងយ៉ាងច្រើនក៏ដោយ។ វាមានកត្តាជាច្រើនដែលបណ្តាលឲ្យពួកគេមិនអាចទទួលលទ្ធផលដែលខ្លួនរំពឹងទុក ទោះបីជាមានការខិតខំប្រឹងប្រែងដូចអ្នកដទៃដែលទទួលបានជោគជ័យក៏ដោយ។ ដូចឃ្លាមួយដែលគេតែងតែនិយាយថា អ្វីៗដែលយើងបានគ្រោងទុកមិនអាចនឹងទៅរលូនដូចយើងគ្រោងទុកគ្រប់ពេលវេលានោះទេ។ ពេលខ្លះវាកើតឡើងដូចយើងរំពឹងទុក ពេលខ្លះក៏ខុសពីការរំពឹងទុក។ មិនត្រឹមតែក្នុងការសិក្សានោះទេ ស្ថានភាពបែបនេះគឺកើតឡើងចំពោះរឿងរ៉ាវផ្សេងទៀតនៅក្នុងជីវិតរបស់មនុស្សផងដែរដូចជា ក្នុងការងារ ការធ្វើជំនួញជាដើម។ វាគឺជារឿងដែលមនុស្សគ្រប់រូបមិនអាចជៀសផុត។ ដូច្នេះ យើងត្រូវបង្វឹកខ្លួនយើងឲ្យក្លាយជាអ្នកប្រើប្រាស់ស្ថានភាពបែបនេះ ដើម្បីកុំឲ្យស្ថានភាពបែបនេះប្រើប្រាស់យើងវិញ។ តើយើងគួរធ្វើដោយរបៀបណាដើម្បីកែប្រែស្ថានភាពបែបនេះឲ្យក្លាយជាផលប្រយោជន៍សម្រាប់ការអភិវឌ្ឍខ្លួនយើង?

១ ដុះខាត់ការគិតរបស់យើង៖ ការគិតរបស់យើងគឺសំខាន់។ ព្រះពុទ្ធមានពុទ្ធដិកាថា “យើងជាអ្វីដែលយើងគិត” ដែលបកប្រែពីភាសាអង់គ្លេស”You’re what you think “។ ឧទាហរណ៍ ប្រសិនបើយើងគិតថា ការស្លៀកពាក់របស់យើងគឺស្អាតហើយសាកសមនឹងខ្លួនយើង នោះយើងនឹងមានអារម្មណ៍ជឿជាក់ថាយើងស្អាតនៅពេលទៅជួបមនុស្សខាងក្រៅ។ ទោះបីជាមានអ្នកខ្លះថាយើងមិនស្អាត ក៏យើងមិនខ្វល់ពីការគិតរបស់មនុស្សដែរ ពីព្រោះដោយសារយើងបានគិតហើយថា យើងជាមនុស្សស្អាត។

ដូចនេះប្រសិនបើយើងមិនទទួលបាននិទ្ទេសA ឬពិន្ទុខ្ពស់ក្តី យើងមិនត្រូវចាត់ទុកថាខ្លួនឯងជាមនុស្សអន់ ឬបរាជ័យនោះឡើយ។ ការគិតបែបនេះមិនបានជួយឲ្យយើងរីកចម្រើនឬមានអារម្មណ៍ប្រសើរនោះឡើយ គឺវាមានតែធ្វើឲ្យយើងចុះអន់ថយទៅវិញ។ មូលហេតុគឺដោយសារយើងនឹងមានអារម្មណ៍បាក់ទឹកចិត្ត អស់សង្ឃឹម និងមិនពេញចិត្តនឹងខ្លួនឯង។ ការគិតបែបនេះគឺធ្វើឲ្យយើងមើលរំលងនូវសក្តានុពលខ្លួនឯង ដោយសារតែយើងរវល់គិតថាយើងជាមនុស្សមិនបានការ ដូច្នេះយើងគ្មាននឹងមើលឃើញសក្តានុពលរបស់ខ្លួនឯង ហើយមិនហ៊ានផ្តល់ឪកាសដល់ខ្លួនឯងដោយសារតែយើងតែងគិតថាយើងមិនអាច។ ជាលទ្ធផល យើងនឹងបាត់បង់ឪកាសជាច្រើន។ នេះហើយជាលទ្ធផលនៃអ្វីដែលយើងគិត

អ្វីដែលយើងត្រូវគិតគឺយើងត្រូវរៀនទទួលស្គាល់ការពិត។ នៅក្នុងជីវិតមនុស្សមិនអាចជោគជ័យ ហើយក៏មិនអាចបរាជ័យរហូតដែរ។ ទោះបីថ្ងៃនេះឬពេលនេះយើងមិនអាចសម្រេចគោលដៅរបស់យើងបាន វាមិនមែនមានន័យថាយើងគ្មានថ្ងៃសម្រេចនោះឡើយ។ វារមែងមានមនុស្សមួយចំនួនបានដល់គោលដៅលឿន និងមនុស្សមួយចំនួនទៀតបានទៅដល់គោលដៅយឺត។ អ្នកទៅដល់យឺតមិនមែនមានន័យថាអ្នកនោះអន់ឬបរាជ័យនោះទេ ពីព្រោះមនុស្សម្នាក់ៗជួបប្រទះស្ថានភាពខុសៗគ្នា។ដូច្នេះការមិនទទួលបាននិទ្ទេសA ឬពិន្ទុខ្ពស់នៅពេលនេះ វាមិនមានន័យថា អ្នកជាមនុស្សបរាជ័យ ឬនឹងមិនដែលទទួលបានវាជារៀងរហូតនោះដែរ។

២ សិក្សាអំពីចំនុចខ្វះខាត៖ ប្រសិនបើយើងមិនអាចទទួលបាននិទ្ទេសល្អឬពិន្ទុខ្ពស់នៅពេលនេះ យើងត្រូវសិក្សាអំពីមូលហេតុដោយសួរខ្លួនឯងថា ហេតុអ្វីបានជាយើងមិនអាចសម្រេចគោលដៅលើកនេះបាន? បន្ទាប់ពីដឹងអំពីមូលហេតុហើយ យើងត្រូវកែលម្អវាឡើងវិញ។ ឧទាហរណ៍ យើងបានស្វែងរកឃើញថា យើងប្រលងមិនបាននិទ្ទេសល្អនៅពេលនេះ ដោយសារតែយើងមិនបានធ្វើកាលវិភាគរំលឹកមេរៀនបានល្អ ដែលជាហេតុធ្វើឲ្យយើងមិនមានពេលគ្រប់គ្រាន់សម្រាប់រំលឹកមេរៀនដែលត្រូវរំលឹក។ បន្ទាប់ពីយើងបានរកឃើញចំណុចខ្សោយនេះហើយ ឪកាសក្រោយ យើងត្រូវរៀបចំកាលវិភាគឲ្យបានយូរជាងពេលមុន ដូច្នេះយើងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលមេរៀនដែលចាំបាច់។

៣ ពិន្ទុខ្ពស់ឬនិទ្ទេសល្អគ្រាន់តែជាចំណែកមួយនៃគោលដៅក្នុងការសិក្សា៖ ដូចខ្ញុំបាននិយាយខាងដើម សិស្សានុសិស្សនិងនិស្សិតតែងចង់បានពិន្ទុខ្ពស់ឬនិទ្ទេសល្អក្នុងលទ្ធផលនៃការសិក្សារបស់ពួកគេ។ យ៉ាងណាមិញ ពិន្ទុឬនិទ្ទេសមិនមែនជាគោលដៅចម្បងក្នុងការសិក្សានោះឡើយ។ គោលដៅពិតប្រាកដគឺយើងអាចក្រេបយកចំណេះដឹងពីការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យរបស់យើង ហើយអាចយកចំណេះដឹងនោះមកប្រើប្រាស់ក្នុងជីវិតដូចជាក្នុងការងារឬអាជីវកម្មរបស់យើងប្រកបដោយប្រសិទ្ធិភាពនិងត្រឹមត្រូវ។ ដូច្នេះអ្នកដែលមិនដែលបានទទួលនិទ្ទេសខ្ពស់ មិនប្រាកដថាពួកមិនអាចមានការងារ ឬអាជីវកម្មប្រសើរដូចអ្នកដែលអ្នកដែលទទួលបាននិទ្ទេសខ្ពស់នោះទេ។ មនុស្សយើងមានទេពកោសល្យខុសៗគ្នា។ អ្នកខ្លះមានទេពកោសល្យខាងសិក្សា ដូចនេះពួកគេតែងជាសិស្សឆ្នើមក្នុងសាលា ប៉ុន្តែពួកគេប្រហែលនឹងមិនអាចមានទេពកោសល្យក្នុងការងារទៅវិញ ដោយសារនៅក្នុងការងារ ចំណេះវិជ្ជាតែម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ គឺវាតម្រូវឲ្យបុគ្គលនោះមានជំនាញផ្សេងៗទៀតដូចជា ជំនាញទន់ និង គំនិតឆ្នៃប្រឌិត និងអត្តចរិតល្អផងដែរ។ ប៉ុន្តែក៏មានអ្នកខ្លះដែលពូកែទាំងការសិក្សានិងការងារផងដែរ។ ដូចនេះមនុស្សយើងមានច្រើនបែប ច្រើនសន្ថាន។ ហើយយើងត្រូវចេះទទួលស្គាល់ថាតើយើងនៅក្នុងមនុស្សជំពូកណា។

សរុបសេចក្តីមក ការហ្វឹកហាត់លើការគិតរបស់យើង ការស្វែងយល់និងកែលម្អចំណុចខ្វះខាតបន្ទាប់ពីការបរាជ័យ និងការយល់អំពីគោលដៅពិតប្រាកដក្នុងការសិក្សាគឺមានសារៈសំខាន់សម្រាប់ទទួលបានជីវិតជោគជ័យនិងសុភមង្គល។ យ៉ាងណាមិញ ការបកស្រាយក្នុងអត្ថបទនេះ គឺក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកដែលជួបស្ថានភាពដូចបានលើកឡើងនៅក្នុងអត្ថបទនេះគឺសំដៅដល់អ្នកដែលតែងមានអារម្មណ៍បាក់ទឹកចិត្តដោយសារតែគាត់មិនមែនជាសិស្សឆ្នើម និងដើម្បីផ្តល់ជាគំនិតក្នុងការដោះស្រាយជាមួយស្ថានភាពបែបនេះតែប៉ុណ្ណោះ ហើយអ្នកដែលជាសិស្សឆ្នើម ខ្ញុំក៏សូមលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងបន្តទៀត។

អរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលអានអត្ថបទនេះ។

សរសេរដោយ៖ Free Education for Everyone