អ្នករៀនជំនាញគណនេយ្យ(Accounting) អាចធ្វើការងារអ្វីខ្លះ?

តាមការសង្កេត ក៏ដូចជាបទពិសោធន៍របស់ខ្ញុំ ជំនាញផ្នែកគណនេយ្យគឺអាចនិយាយបានថាជាជំនាញមួយដែលមានទីផ្សារការងារក្នុងស្ទើរតែគ្រប់ស្ថាប័នឬក្រុមហ៊ុនទាំងអស់ពីព្រោះក្រុមហ៊ុនណាក៏ត្រូវការគណនេយ្យករដែរ។ ការនិយាយនេះ មិនបូកបញ្ចូលអាជីវកម្មខ្នាតតូចនោះទេដូចជា អាជីវកម្មដែលមានលក្ខណៈគ្រួសារ។មុននឹងឈានដល់ការនិយាយអំពីការងារដែលទាក់ទងនឹងជំនាញគណនេយ្យ ខ្ញុំសូមបង្ហាញអំពីគោលបំណងនៃអត្ថបទនេះជាមុនសិន។

អត្ថបទនេះមានគោលបំណងបីសំខាន់ ដូចខាងក្រោម៖

ទី១៖ដើម្បីផ្តល់ជាព័ត៌មានដល់ប្អូនៗសិស្សានុសិស្សដែលនឹងត្រៀមចូលមហាវិទ្យាល័យក្នុងស្វែងយល់ដឹងអំពីទំនាក់ទំនងរវាងអាជីពក្នុងក្តីស្រមៃរបស់ពួកគេនិងមុខវិជ្ជាដែលពួកគេចង់សិក្សាដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ ពីព្រោះមានប្អូនៗមួយចំនួននៅតែមិនដឹងច្បាស់ថា ពួកគេអាចធ្វើការងារអ្វី ប្រសិនបើពួកគេរៀនមុខវិជ្ជាដែលខ្លួនជ្រើសរើស ឬក្រោយពេលដែលខ្លួនបញ្ចប់ការសិក្សារួច ឬមិនដឹងថាពួកគេគួររៀនមុខវិជ្ជាមួយណាដើម្បីទទួលបានការងារដែលពួកចង់ធ្វើក្នុងពេលអនាគត។

ទី២៖ គឺដើម្បីឲ្យអ្នកអានមានការយល់ដឹងអំពីទីផ្សារការងារ ពីព្រោះនៅពេលឆ្លងកាត់ការសម្ភាសការងារ បេក្ខជនតែងត្រូវបានសួរអំពីប្រាក់ខែដែលគេរំពឹងទុកឬចង់បានប្រសិនបើពួកគេត្រូវបានផ្តល់តួនាទីណាមួយ។ ដូចនេះ ការយល់ដឹងអំពីទីផ្សារការងារអាចជួយឲ្យពួកគេឆ្លើយតបសំនួរនេះបាន និងទទួលបានប្រាក់បៀរវត្សន៍ដែលសមស្របផងដែរ។

ទី៣៖ គឺដើម្បីឲ្យអ្នកអានយល់ដឹងច្បាស់អំពីដំណើរអាជីព(career path)របស់ពួកគេ មានន័យថា ពួកគេនឹងដឹងថា តើពួកគេគួរចាប់ផ្តើមពីចំណុចណា និងឆ្លងកាត់ដំណាក់កាលអ្វីខ្លះមុននឹងទៅដល់អាជីពគោលដៅរបស់ពួកគេ។

ឥឡូវនេះ យើងត្រឡប់ទៅប្រធានបទខាងដើមវិញ។ តើជំនាញគណនេយ្យអាចផ្តល់ការងារអ្វីខ្លះដល់អ្នកដែលសិក្សាជំនាញនេះ? តាមរយៈការស្រាវជ្រាវរបស់ខ្ញុំលើគេហទំព័រការងារមួយចំនួនដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា អ្នកដែលចេះជំនាញគណនេយ្យអាចធ្វើការងារដូចជា​​៖

  1. សម្រាប់កម្រិតដំបូង(Junior level) មានដូចជា៖ Accountant, Credit Accountant, Admin Accountant, Accountant Assistant, Accountant Officer ជាដើម។ ជាមធ្យមប្រាក់ចំណូចអាចចាប់ពី២០០​ទៅ៤៥០ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ ចំពោះបុគ្គលិកពេញម៉ោង។ ប្រាក់ចំណូលអាចតិចឬច្រើនអាស្រ័យលើកត្តាដូចជា គោលការណ៍របស់ក្រុមហ៊ុន បទពិសោធន៍ការងាររបស់បុគ្គលិក ជាដើម។ ចំពោះក្រុមហ៊ុនខ្លះបុគ្គលិករបស់ពួកគេអាចនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតក្រៅពីប្រាក់បៀរវត្សន៍ដែលមានដូចជា ប្រាក់ការងារបន្ថែមម៉ោង ធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត។
  2. សម្រាប់កម្រិតកណ្តាល(Middle level) មានដូចជា៖ Senior Accountant, Senior Reporting & Controlling Officer, Finance and Admin Executive, Account Supervisor, Senior Tax Accounting ជាដើម។ប្រាក់បៀរវត្សន៍ជាមធ្យមសម្រាប់តំណែងក្នុងកម្រិតនេះគឺអាចទទួលប្រាក់បៀរវត្សន៍ចន្លោះពី៥០០ទៅ១០០០​ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ។​ ការផ្តល់ប្រាក់បៀរវត្សន៍ខុសគ្នាដោយអាស្រ័យលើកត្តាដូចបានរៀបរាប់ក្នុង 1។
  3. សម្រាប់កម្រិតខ្ពស់(Management Level)៖ Accounting Manager ជាដើម។ ប្រាក់បៀរវត្សន៍ជាមធ្យមសម្រាប់តំណែងក្នុងកម្រិតនេះគឺអាចទទួលប្រាក់បៀរវត្សន៍ចាប់ពី១០០០ដុល្លាសហរដ្ឋអាមេរិកឡើងទៅ។ ការផ្តល់ប្រាក់បៀរវត្សន៍ខុសគ្នាដោយអាស្រ័យលើកត្តាដូចបានរៀបរាប់ក្នុង 1 ដូចគ្នា។

សូមបញ្ជាក់ផងដែរថា ឈ្មោះតួនាទី ការផ្តល់ប្រាក់បៀរវត្សន៍និងអត្ថប្រយោជន៍ និងលក្ខខណ្ឌការងារ គឺអាចខុសគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយទៀតដោយសារពួកគេធ្វើសកម្មភាពអាជីវកម្មផ្សេងគ្នា។ ដូចនេះ គោលការណ៍របស់ក្រុមហ៊ុនក៏មានលក្ខណៈខុសគ្នាដែរ។

អរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលអានអត្ថបទនេះ។

សរសេរដោយ៖ We Inspire

ដើម្បីបង្កើនឱកាសការងារនិងឡើងតំណែង អ្នកចាំបាច់អភិវឌ្ឍជំនាញសំខាន់ៗ ដូចជា ជំនាញទំនាក់ទំនង ជំនាញដោះស្រាយបញ្ហាឬវិវាទ ជំនាញនិយាយសាធារណៈ ជំនាញធ្វើបទបង្ហាញ ជំនាញវិភាគ ។ល។ មិនថាអ្នកធ្វើការងារណាក៏ដោយ។ ខាងក្រោមគឺជាសៀវភៅល្បីៗសម្រាប់អ្នកអានដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នក។ អ្នកទាំងអស់គ្នាអាចបញ្ជាទិញសៀវភៅទាំងនេះនៅលើវេបសាយរបស់Amazonបាន ដោយគ្រាន់តែចុចឈ្មោះសៀវភៅខាងក្រោម។ 

1. How to Win Friends and Influence People by Dale Carnegie

2. The Quick and Easy Way to Effective Speaking by Dale Carnegie

3. Eat That Frog!: 21 Great Ways to Stop Procrastinating and Get More Done in Less Time by Brian Tracy