Russian-photographer-makes-wonderful-photos-with-an-elderly-couple-showing-that-love-transcends-time-59710496226e4__880

Summary in English, click here. 

ដើម្បីដឹងថា តើមនុស្សដែលយើងស្រឡាញ់ចង់បានអ្វីពិតប្រាដពីយើង យើងគួរសួរខ្លួនឯងជាមុនសិនថា យើងចង់បានអ្វីពីគាត់ ពីព្រោះតម្រូវការរបស់អ្នកទាំងពីរប្រហែលជាមិនខុសគ្នាច្រើននោះទេ។

ជីវិតហាក់ដូចជាខ្វះអ្វីយ៉ាងប្រសិនបើគ្មានក្តីស្រឡាញ់ ទោះបីជាអ្នកនោះមានទ្រព្យសម្បត្តិ យសសក្តិ ឬអ្វីផ្សេងគ្រប់យ៉ាងក៏ដោយ។

អត្ថបទនេះនឹងបង្ហាញចំនុច៦យ៉ាងសំខាន់ៗក្នុងការរក្សាទំនាក់ទំនងស្នេហាជាអមតៈ។​

ទី១៖ ភាពស្មោះត្រង់

ភាពស្មោះត្រង់គឺសំខាន់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងស្នេហាអមតៈ។​ ដៃគូស្នេហាគួរផ្តល់ទំនុកចិត្តនិងភាពជឿជាក់ឲ្យគ្នាទៅវិញទៅមកតាមរយៈការស្មោះត្រង់ជាមួយគ្នា។​ ភាពស្មោះត្រង់ហាក់បីដូចជា ដង្ហើមនៃជីវិតស្នេហាអញ្ចឹង។ ពេលដែលគ្មានភាពស្មោះត្រង់ អ្វីៗក៏គ្មានន័យដែរ។​ ដរាបណាដៃគូស្នេហាស្មោះត្រង់នឹងគ្នា មិនថាពួកគេនៅទីណា ពួកគេនៅតែជឿជាក់លើគ្នាទៅវិញទៅមក ហើយពួកគេរមែងមានអារម្មណ៍វិជ្ជមានចំពោះអនាគតស្នេហារបស់ពួកគេជានិច្ច។

ទី២៖ ការលើកទឹកចិត្ត

ដៃគូស្នេហាគួរតែចេះលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក ជាពិសេសនៅពេលដៃគូជួបប្រទះបញ្ហា ឬពិបាកចិត្ត ពីព្រោះអ្នកជាមនុស្សដែលសំខាន់និងជាមនុស្សដែលដៃគូអ្នកត្រូវការខ្លាំងបំផុតនៅពេលគាត់ស្ថិតក្នុងស្ថានភាពបែបនោះ។ ពេលខ្លះគ្រាន់តែវត្តមានឬពាក្យលើកទឹកចិត្តរបស់អ្នកទៅកាន់គាត់ក៏អាចជាកត្តាជម្រុញទឹកចិត្តគាត់ក្នុងការដោះស្រាយបញ្ហាក្នុងជីវិតបានដែរ។

ទី៣៖ ភាពអត់ធ្មត់  និងការអធ្យាស្រ័យ

នៅពេលដៃគូស្នេហាទើបតែចាប់ផ្តើមថ្មីៗ ពួកគេហាក់ដូចជាមិនសូវកើតមានរឿងអាក់អន់ស្រពន់ចិត្តនឹងគ្នាច្រើននោះទេ ដោយសារតែពួកគេមិនទាន់បានឃើញនូវចំណុចខ្វះខាតរៀងៗខ្លួនឡើយ។ ក្រោយពីបានស្រឡាញ់គ្នាមួយរយៈពេលក្រោយមក ពួកគេនឹងអាចជួបប្រទៈនូវចំណុចខ្វះខាតនៃដៃគូរបស់ខ្លួន។ ចំណុចខ្វះខាតនោះអាចមានតិចឬច្រើនគឺអាស្រ័យលើមនុស្សម្នាក់ៗ។ ជាការពិត មនុស្សយើងម្នាក់ៗមិនអាចល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នានោះឡើយ។

ចំណុចខ្វះខាតមួយចំនួនរបស់ដៃគូរបស់អ្នក អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អឬអន់ចិត្ត។ ឧទាហរណ៍ ក្រោយពីបានស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ អ្នកបានសង្កេតឃើញថា ដៃគូរបស់អ្នកហាក់ដូចជាមានអារម្មណ៍ឆេវឆាវដាក់អ្នក ដែលគាត់មិនដែលធ្វើដាក់អ្នកបែបនេះពីមុនមកឡើយ។ តើអ្នកទាំងពីរគួរធ្វើយ៉ាងណា? វិធីសាស្ត្រដ៏ល្អគឺពិភាក្សាគ្នាអំពីបញ្ហានេះ និងរៀនយល់ពីគ្នា។ ភាគីដែលអន់ចិត្តគួរប្រាប់ភាគគីម្ខាងទៀតអំពីអារម្មណ៍របស់ខ្លួនដើម្បីឲ្យគាត់ដឹងអំពីកំហុសខុសឆ្គងនេះ។ ចំណែកឯភាគីម្ខាងទៀតគួរចេះទទួលស្គាល់អំពីកំហុសនេះ និងកែលម្អ។ ថ្វីត្បិតតែដៃគូរបស់យើងមានភាពអត់ធ្មត់នឹងយើងក៏ដោយ ប៉ុន្តែយើងក៏មិនត្រូវបន្តធ្វើបែបនេះដាក់គាត់ឲ្យគាត់ទ្រាំនឹងយើងបែបនេះរហូតដែរ។

សរុបមក អ្នកទាំងពីរត្រូវមានទៅមានមក មានន័យថា អ្នកធ្វើខុសត្រូវចេះទទួលស្គាល់កំហុសហើយកែលម្អ ហើយម្ខាងទៀតត្រូវចេះអធ្យាស្រ័យ និងកាត់បន្ថយការឆាប់ខឹងឬអន់ចិត្តដោយព្យាយាមស្វែងយល់អំពីមូលហេតុជាមុនសិន ហើយព្យាយាមដោះស្រាយបញ្ហាដោយការពិភាក្សាជាមួយគ្នា។ ក្នុងឧទាហរណ៍ខាងលើ ពេលខ្លះមិនមែនដោយសារគាត់ឆេវឆាវនោះទេ ប៉ុន្តែវាអាចដោយសារតែគាត់មានការងារកាន់តែច្រើន ហើយរយៈពេលនោះគាត់បានជួបបញ្ហាការងារឬភាពស្មុគស្មាញផ្សេងៗជាច្រើន ទើបធ្វើឲ្យគាត់ឆាប់ច្រឡោតមួយពេលនៅពេលនរណាម្នាក់ប៉ះពាល់អារម្មណ៍គាត់។ យ៉ាងណាមិញ ការព្យាយាមធ្វើល្អនិងយោគយល់ដល់មនុស្សជាទីស្រឡាញ់របស់យើង ទោះបីក្នុងកាលៈទេសៈណាក៏ដោយ គឺជាទង្វើដែលគួរគប្បីត្រូវធ្វើជាទីបំផុត។

ទី៤៖ ពេលវេលា

ការផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមកក៏សំខាន់ខ្លាំងណាស់ដែរ។ ការឆ្លៀតពេលផ្តល់ពេលវេលាឲ្យដៃគូរបស់អ្នក ជាពិសេសមិនថាពេលអ្នករវល់នឹងការងារខ្លាំងប៉ុណ្ណា បានបង្ហាញដល់ដៃគូអ្នកថា យើងតែងគិតអំពីគាត់ យកចិត្តទុកដាក់អំពីគាត់ ហើយនិងធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់ជាមនុស្សសំខាន់និងពិសេសនៅក្នុងជីវិតរបស់អ្នក។ នេះជាអារម្មណ៍ពិសេសខ្លាំងណាស់ដែលមនុស្សម្នាក់ៗចង់ទទួលបានពីដៃគូរបស់ខ្លួន។

ការផ្តល់ពេលវេលាឲ្យគ្នាមិនសំដៅលើការនៅជាមួយគ្នា ២៤​ម៉ោង​រាល់ថ្ងៃនោះទេ។ មនុស្សគ្រប់គ្នាមានកាតព្វកិច្ចផ្សេងទៀតក្រៅពីស្នេហា ដូចជាការងារ ឬការសិក្សាជាដើម។ នៅក្នុងចំណុចនេះ គឺចង់សំដៅលើ ការឆ្លៀតពេលសម្រាប់ចំណាយពេលវេលាជាមួយគ្នាឬធ្វើអ្វីមួួយសម្រាប់គ្នាទៅវិញទៅមក មិនថាយើងរវល់ប៉ុណ្ណា។ ពេលខ្លះគ្រាន់តែការខិតខំឆ្លៀតពេលរបស់យើងដើម្បីធ្វើអ្វីមួយសម្រាប់គាត់ឬចំណាយពេលវេលាជាមួយគាត់ក៏អាចធ្វើឲ្យគាត់មានអារម្មណ៍ល្អដែរ។

ទី៥៖ ការយកចិត្តទុកដាក់

ការយកចិត្តទុកដាក់អាចបង្ហាញតាមរយៈទាំងសកម្មភាពនិងពាក្យសម្តីរបស់យើង។ ឧទាហរណ៍​ យើងទិញរបស់អ្វីមួយឲ្យមនុស្សជាទីស្រឡាញ់របស់យើង ដោយសារយើងដឹងថា គាត់ចូលចិត្តឬសង្កេតឃើញថាគាត់ត្រូវការរបស់នោះ។ នេះជាការបង្ហាញការយកចិត្តទុកដាក់ដែលបង្ហាញតាមរយៈសកម្មភាព។ ឧទាហរណ៍មួយទៀត បើទោះបីជាយើងមិនបាននៅក្បែរគាត់នៅពេលគាត់ឈឺ ប៉ុន្តែយើងបានផ្ញើរសារ​ឬខលទៅដើម្បីសួរអំពីសុខភាពរបស់គាត់ដោយយកចិត្តទុកដាក់និងជូនពរឲ្យគាត់ឆាប់ជា នេះក៏ចាត់ជាការយកចិត្តទុកដាក់ដែរដែលបង្ហាញតាមរយៈពាក្យសម្តី។

ទី៦៖ការឲ្យតម្លៃនិងគោរពគ្នាទៅវិញទៅមក

ដៃគូស្នេហាត្រូវចេះឲ្យតម្លៃនិងគោរពទៅវិញទៅមកដោយប្រើអាកប្បកិរិយានិងពាក្យសម្តីសមរម្យជាមួយគ្នាទៅវិញទៅមក។ ភាគីទាំងពីរគួរជៀសវាងការមាក់ងាយគ្នា ឬប្រើពាក្យសម្តីមិនសមរម្បដាក់គ្នា។ អ្នកទាំងពីរគួរចេះមើលឃើញនូវចំណុចល្អនិងទង្វើល្អដែលដៃគូបានធ្វើចំពោះអ្នក និងព្យាយាមធ្វើល្អដាក់គ្នាទៅវិញទៅមកឲ្យបានច្រើន។

ទី៧​៖ ការមិនបោះបង់គ្នា

នៅក្នុងជីវិតស្នេហា បញ្ហា ការខឹង និងអាក់អន់ចិត្តនឹងគ្នា រមែងកើតឡើង។ ដើម្បីឲ្យស្នេហារបស់អ្នកមានជីវិតជារៀងរហូត អ្នកគួរចាត់ទុកបញ្ហាជាឪកាសដែលអ្នកទាំងពីរស្វែងយល់បន្ថែមអំពីគ្នា ជំនួសការគិតថា បញ្ហាជាបញ្ហា។ ដៃគូស្នេហាគួរប្រកាន់ខ្ជាប់ឆន្ទៈមួយថា ទោះជាមានរឿងអ្វីកើតឡើង អ្នកទាំងពីរត្រូវរួមគ្នាជំនៈឧបសគ្គ និងឆាប់វិលត្រឡប់មករកគ្នាវិញ។ ហើយអ្នកទាំងពីរត្រូវកំណត់ហើយចងចាំគោលការណ៍ក្នុងស្នេហារបស់អ្នកទាំងពីរគឺ អ្នកទាំងពីរស្រឡាញ់គ្នា​ និងត្រូវការគ្នាជារៀងរហូត។

សរុបសេចក្តីមក ទំនាក់ទំនងស្នេហាល្អនិងអមតៈអាចកើតមានឡើងតាមរយៈការខិតខំប្រឹងប្រែងនិងការសហការពីភាគីទាំងសងខាង។ ដូច្នេះ ពេលមានបញ្ហា ចូរដោះស្រាយជាមួយគ្នា ហើយកុំព្យាយាមយកត្រូវនិងឈ្នះរៀងៗខ្លួនពីព្រោះអ្នកទាំងពីរមិនមែនដៃគូប្រជែងនឹងគ្នាឡើយ ប៉ុន្តែអ្នកទាំងពីរគឺជាដៃគូជីវិត។ អ្នកទាំងពីរត្រូវសហការគ្នាក្នុងការធ្វើឲ្យជីវិតស្នេហានេះមានន័យនិងស្រស់បំព្រង។

អរគុណសម្រាប់ការចំណាយពេលវេលាដើម្បីអានអត្ថបទនេះ។ ខ្ញុំសង្ឃឹមថា ដៃគូស្នេហានឹងអាចយល់ចិត្តគ្នាបានប្រសើរជាងមុនបន្ទាប់ពីអានអត្ថបទនេះ និងសូមជូនពរអ្នកទាំងអស់គ្នាទទួលបានក្តីស្រឡាញ់មួយដ៏ផ្អែមល្ហែម និងមានន័យដែលជាក្តីស្រឡាញ់មួយដែលធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រង។